Thursday, January 23, 2014

តើ​ហេតុ​អ្វី​បាន​ជា​កម្ពុជា​នៅ​តែ​ក្រ? (បទវិភាគរបស់ អាស៊ីសេរី)

ដើម្បី​ព្យាបាល​ជំងឺ គ្រូពេទ្យ​ចាំបាច់​ត្រូវ​ពិនិត្យ​មើល​រោគ​សញ្ញា និង​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​ជំងឺ​នេះ។ ដូច​គ្នា​នេះ​ដែរ ដើម្បី​ដោះស្រាយ ឬ​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន ការ​រក​ឱ្យ​ឃើញ​នូវ​ដើម​ហេតុ​នៃ​បញ្ហា គឺ​ជា​កត្តា​សំខាន់។
មូលហេតុ​ចម្បងៗ​ដែល​អាច​បណ្ដាល​ឱ្យ​ប្រទេស​ជាតិ​មួយ​ធ្លាក់​ក្នុង​ភាព​ ក្រីក្រ ជាទូទៅ​រួម​មាន កត្តា​ពលរដ្ឋ​មាន​ចំនួន​ច្រើន​ជ្រុល កត្តា​ជីវភាព​រស់​នៅ និង​ប្រាក់​ចំណូល​មាន​កម្រិត​ទាប ការ​បែង​ចែក​ប្រភព​ធនធាន​មិន​ស្មើ​គ្នា​នៅ​តាម​តំបន់​នានា​ក្នុង​ប្រទេស ការ​បំផ្លាញ​បរិស្ថាន បញ្ហា​អត់​ការងារ​ធ្វើ និង​ការ​សិក្សា​អប់រំ។
ចំពោះ​កម្ពុជា វិញ ស្ថិរភាព​នយោបាយ និង​អំពើ​ពុក​រលួយ គឺ​ជា​កត្តា​ចម្បង​ពីរ​ទៀត​ដែល​បន្ថែម​ទម្ងន់​ទៅ​លើ​បញ្ហា​ភាព​ក្រីក្រ​នៅ​ ក្នុង​ប្រទេស។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១០ បាន​សន្យា​ចំពោះ​មុខ​តំណាង​ប្រទេស​ម្ចាស់​ជំនួយ​អន្តរជាតិ​នានា ក្នុង​ការ​បន្ត​ការ​កែ​ទម្រង់​ការ​ដឹក​នាំ​ប្រទេស​ឲ្យ​ស៊ី​ជម្រៅ និង​ស្លាប់​រស់។ លោក​ប្រកាស​ប្ដេជ្ញា​កែ​ទម្រង់​ឱ្យ​បាន​ប្រសើរ និង​មាន​ប្រសិទ្ធភាព​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌ ប្រឆាំង​អំពើ​ពុក​រលួយ ដោះស្រាយ​បញ្ហា​ដីធ្លី អភិបាល​កិច្ច​ល្អ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ផែនការ​អភិវឌ្ឍន៍​ជាតិ​រយៈពេល ៥​ឆ្នាំ គឺ​នៅ​ចន្លោះ​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣។
ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៤ មិន​បាន​ដោះស្រាយ​កែខៃ​បញ្ហា​ទាំងអស់​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព និង​ល្អ​ប្រសើរ​ដូច​ដែល​បាន​សន្យា​នោះ​ឡើយ។
បញ្ហា​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា មជ្ឈដ្ឋាន​សាធារណៈ​ជាតិ និង​អន្តរជាតិ បាន​វាយ​តម្លៃ​ថា មិន​ឯករាជ្យ តុលាការ​ស្ថិត​នៅ​ក្រោម​សម្ពាធ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច និង​ដោយសារ​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។ រយៈពេល​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ សំណុំ​រឿង​ក្តី លោក ម៉ម សូណង់ដូ សំណុំ​រឿង លោក ឈូក បណ្ឌិត សំណុំ​រឿង​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា សុទ្ធ​តែ​ជា​ករណី​ជាក់ស្តែង ដែល​បង្ហាញ​ថា តុលាការ​កម្ពុជា បាន​ក្លាយ​ជា​ឧបករណ៍​នយោបាយ និង​បម្រើ​ផល​ប្រយោជន៍​ឲ្យ​ក្រុម​អភិជន។
6.jpg
ក្រុម​ប្រជាពលរដ្ឋ​បឹងកក់​ស្លៀក​សម្លៀកបំពាក់​អ្នក​ទោស​ស្រែក​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា។

ទន្ទឹម​គ្នា​នេះ បញ្ហា​ដីធ្លី​ក៏​មាន​សភាព​ធ្ងន់ធ្ងរ និង​រីក​រាល​ដាល​នៅ​ស្ទើរ​គ្រប់​ទិសទី ដែល​បាន​រុញ​ច្រាន​ឱ្យ​ប្រជាពលរដ្ឋ​រាប់​សិប​ម៉ឺន​គ្រួសារ​គ្មាន​ទី​ជម្រក បាត់​បង់​មុខ​របប​ចិញ្ចឹម​ជីវិត មាន​បញ្ហា​សុខភាព និង​ធ្លាក់​ខ្លួន​ក្រីក្រ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​រៀន​សូត្រ​របស់​កុមារ និង​យុវជន ដែល​ជា​កូន​ចៅ។
របាយការណ៍​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក យ៉ាង​ហោច​ណាស់​ប្រជាជន​ចំនួន ៧០​ម៉ឺន​នាក់​ទូទាំង​ប្រទេស រង​ផល​ប៉ះពាល់​ពី​ការ​ចាប់​យក​ដី និង​ការ​រុះរើ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ ក្នុង​នោះ ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ មាន​ប្រមាណ ១៤​ម៉ឺន ៥​ពាន់​នាក់។ ដោយ​ឡែក​នៅ​ចុង​ឆ្នាំ​២០១១ ប្រជាជន​ជិត ៤​ម៉ឺន​នាក់ ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ភ្លាមៗ​នៃ​ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី​ផ្ទះ​ សម្បែង។ ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​នោះ​បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​រក​យុត្តិធម៌​ ស្ទើរ​រាល់​ថ្ងៃ និង​ត្រូវ​ក្រុម​សមត្ថកិច្ច​ប្រើ​ហិង្សា​បង្ក្រាប​ដោយ​អាវុធ បណ្ដាល​ឱ្យ​រង​របួស និង​ចាប់​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ទទួល​ស្គាល់​ថា បើ​មិន​មាន​ការ​ដោះស្រាយ​ឱ្យ​បាន​ឆាប់​រហ័ស​ទេ​នោះ ប្រទេស​កម្ពុជា នឹង​ជួប​វិបត្តិ​បដិវត្ត​ដីធ្លី។
រីឯ​ការ​បំផ្លាញ​បរិស្ថាន​ធនធាន​ព្រៃ​ឈើ​ធម្មជាតិ​មាន​តម្លៃ​នៅ​ក្នុង​ ប្រទេស​កម្ពុជា វិញ នៅ​តែ​កើត​មាន​យ៉ាង​ខ្លាំងក្លា ពុំ​មាន​ថមថយ​ឡើយ ក្នុង​នោះ​រួម​មាន​តំបន់​ព្រៃ​ឡង់ ដែល​ជា​ព្រៃ​ស្រោង​ដ៏​ធំ​ជាង​គេ​នៅ​ទ្វីប​អាស៊ី ដែល​សម្បូរ​ដោយ​ឈើ​ប្រណីត និង​ទី​ជម្រក​ពពួក​សត្វ​កម្រ​ជាច្រើន​ប្រភេទ។
របាយការណ៍​លម្អិត​ឆ្នាំ​២០១៣ របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) បង្ហាញ​ថា មាន​ក្រុមហ៊ុន​ដំណាំ​កៅស៊ូ​របស់​វៀតណាម ២ ឈ្មោះ ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai = HAGL) និង​ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group = VRG) ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋ កំពុង​រំលោភ​សិទ្ធិ​មនុស្ស បំពាន​ច្បាប់ និង​បង្ក​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា។
របាយការណ៍​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) រក​ឃើញ​ថា មក​ដល់​ឆ្នាំ​២០១២ រាជ​រដ្ឋាភិបាល​បាន​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង ២​លាន​ហិកតារ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ចំនួន ២២៥។ ប្រសិន​បើ​បូក​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​ជាមួយ​សម្បទាន​រ៉ែ និង​សម្បទាន​ព្រៃ​ឈើ​បញ្ចូល​គ្នា​នោះ គឺ​ស្មើ​នឹង​ប្រហែល ៣៩% នៃ​ផ្ទៃដី​ទាំង​មូល​របស់​ប្រទេស​កម្ពុជា។
ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ សុទ្ធតែ​រក​ឃើញ​ដូច​គ្នា​ថា កង​ប្រដាប់​អាវុធ​កម្ពុជា និង​ក្រុម​មន្ត្រី​មាន​អំណាច ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​រក​ស៊ី​ឈើ​ធំៗ​របស់​ក្រុមហ៊ុន​ឯកជន ក្រោម​រូបភាព​ដី​សម្បទាន​សេដ្ឋកិច្ច និង​ដោយសារ​អំពើ​ពុក​រលួយ។
9
ព្រៃ​ឈើ​ដែល​ក្រុមហ៊ុន​ដុត​រាន​ដើម្បី​យក​ដី។

បើ​ពិនិត្យ​មើល​បញ្ហា​អត់​ការងារ​ធ្វើ និង​ការ​សិក្សា​អប់រំ​វិញ របាយការណ៍​របស់​អង្គការ​ការងារ​អន្តរជាតិ (ILO) នៅ​ឆ្នាំ​២០១២ ក្នុង​ចំណោម​យុវជន ៦​នាក់ មាន​តែ​ម្នាក់​ទេ​ដែល​មាន​ការងារ​ធ្វើ។ យុវជន​ដែល​អត់​ការងារ​ធ្វើ​មាន​រហូត​ទៅ​ដល់​ជាង ១​លាន​នាក់ ហើយ​យុវជន​ដែល​មាន​ការងារ​ធ្វើ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​មាន​រហូត ​ដល់​ទៅ ៧៥%។
ទន្ទឹម​គ្នា​នេះ ប្រាក់​ខែ​ដ៏​តិចតួច​របស់​គ្រូ​បង្រៀន ដែល​ទាប​បំផុត ៦០​ដុល្លារ និង​ខ្ពស់​បំផុត ១០០​ដុល្លារ មិន​សមស្រប​នឹង​តម្លៃ​ទំនិញ គឺ​ជា​កត្តា​ដែល​នាំ​ឲ្យ​ប៉ះពាល់​គុណភាព​អប់រំ​នៅ​កម្ពុជា។
ចំពោះ​ការ​បែង​ចែក​ប្រភព​ធនធាន​មិន​ស្មើ​គ្នា​នៅ​តាម​តំបន់​នានា​ក្នុង​ ប្រទេស របាយការណ៍​របស់​ធនាគារ​ពិភពលោក (World Bank) និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ឆ្នាំ​២០១៣ បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​តិចតួច​បាន​ទទួល​ផល​ពី​កំណើន​សេដ្ឋកិច្ច​រៀង​រាល់​ឆ្នាំ។ អ្នក​មាន និង​អ្នក​ក្រ​នៅ​កម្ពុជា មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ខ្លាំង ហើយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ប្រមាណ ៨០% មាន​ដី​ធ្វើ​កសិកម្ម​តិច​ជាង​មួយ​ហិកតារ ស្រប​ពេល​ដែល​អ្នក​មាន​អំណាច​ប្រមាណ ២០% មាន​ដី​ច្រើន​ជាង ៥០០​ហិកតារ ដែល​គ្រប់គ្រង​ដី​ផលិត​កសិកម្ម​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ប្រទេស​កម្ពុជា។
កត្តា​ទាំងអស់​នេះ​ហើយ​ដែល​ជា​មូលហេតុ​ចម្បង ដែល​បណ្ដាល​ឱ្យ​កម្ពុជា នៅ​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ជា​ប្រទេស​ក្រីក្រ។
ក្នុង​ឆ្នាំ​២០១៣ នេះ តួលេខ​នៃ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​បាន​កើន​ឡើង​ដល់​ទៅ ៦​លាន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ប្រមាណ​ជិត ១៥​លាន​នាក់ គឺ​មាន​ន័យ​ថា ជិត​ពាក់​កណ្ដាល​នៃ​ពលរដ្ឋ​ខ្មែរ​ជា​ជន​ក្រីក្រ។
តើ​អ្វី​ជា​ដំណោះស្រាយ?
មជ្ឈដ្ឋាន​សាធារណៈ​ជាតិ និង​អន្តរជាតិ មើល​ឃើញ​ថា អំពើ​ពុក​រលួយ និង​បក្ខពួក​និយម ដើម្បី​ពង្រឹង​ការ​ក្ដោបក្ដាប់​អំណាច​នយោបាយ អាច​ជា​ឫស​គល់​ចម្បង ដែល​បណ្ដាល​ឱ្យ​មាន​បញ្ហា​ប្រព័ន្ធ​តុលាការ​មិន​យុត្តិធម៌ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ វិបត្តិ​ដីធ្លី និង​មិន​អាច​អភិវឌ្ឍ​លើ​វិស័យ​នានា​ឱ្យ​ប្រទេស​ជាតិ​រួច​ផុត​ពី​ភាព​ក្រីក្រ ​បាន។ នេះ គឺ​ជា​ចំណុច​ចាប់​ផ្ដើម​ក្នុង​ការ​ដោះស្រាយ និង​លុប​បំបាត់​មុន​គេ។
ទោះ​បី​ជា​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ជា​បន្តបន្ទាប់​ពី ៥០% នៅ​ឆ្នាំ​២០០៤ មក​នៅ​ត្រឹម ២០% នៅ​ឆ្នាំ​២០១១ ក្តី ក្រុម​អ្នក​ជំនាញ​គូស​បញ្ជាក់​ថា ការ​ថយ​ចុះ​អត្រា​ភាព​ក្រីក្រ​នេះ មិន​បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា មាន​ជីវភាព​ធូរធារ ឬ​មាន​ការ​រស់​នៅ​សមរម្យ​នោះ​ទេ។ ម៉្យាង​វិញ​ទៀត កម្ពុជា នៅ​តែ​មាន​បញ្ហា​ប្រឈម​យ៉ាង​ធំ​នៅ​ឡើយ ដោយសារ​ពលរដ្ឋ​ប្រមាណ ៥០% ជា​អ្នក​ងាយ​រងគ្រោះ​ពី​វិបត្តិ​សេដ្ឋកិច្ច ដែល​អាច​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​ជា​ថ្មី​ទៀត។
ក្រុម​អ្នក​ជំនាញ​ផ្តល់​យោបល់​ថា ការ​គាំទ្រ​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ឱ្យ​ពង្រីក​វិស័យ​សហគ្រាស និង​សិប្បកម្ម​ខ្នាត​តូច​ដែល​នឹង​ជួយ​ដល់​ជីវភាព​របស់​ពលរដ្ឋ​ភាគ​ច្រើន ឱ្យ​ចាក​ផុត​ពី​ភាព​ក្រីក្រ ជាពិសេស​នៅ​តាម​ទី​ជនបទ។ នេះ គឺ​ជា​ដំណោះស្រាយ​ទី​២ ក្នុង​ទិសដៅ​បង្កើន​មធ្យោបាយ​ផលិតកម្ម​កសិកម្ម និង​ផលិតផល​ឧស្សាហកម្ម​ក្នុង​ស្រុក​ឱ្យ​បាន​ជា​អតិបរមា ដើម្បី​ផ្គត់ផ្គង់​សេចក្តី​ត្រូវ​ការ​ជា​មូលដ្ឋាន​ក្នុង​ស្រុក។ ពោល​គឺ​មិន​មែន​ជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​កាប់​ឈើ​ហ៊ុប​មាន​តម្លៃ នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស ដោយ​នាំ​ចូល​មក​វិញ​ជា​ផលិតផល​ឈើ​ចាក់​ធ្មេញ​នោះ​ទេ។
8
ការ​ស្មូន​ក្អម និង​ឆ្នាំង​ពី​ដីឥដ្ឋ ក៏​ត្រូវ​បាន​គេ​នាំ​មក​ធ្វើ​បង្ហាញ​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ និង​ទេសចរ​​បរទេស​បាន​ឃើញ​ពីប្រពៃណី និង​ការ​រស់​នៅ​ដ៏​យូរ​លង់​មក​ហើយ​របស់​សង្គម​ខ្មែរ​ដែរ។

ដំណោះស្រាយ​មួយ​ទៀត គឺ​រៀន​រស់​ដោយ​ខ្លួន​ឯង ដោយ​កាត់​បន្ថយ​ការ​ពឹង​លើ​ជំនួញ និង​ការ​ខ្ចី​បុល​បរទេស ព្រោះ​គ្រួសារ​មួយ​ដែល​ជំពាក់​បំណុល​គេ​ជុំ​ទិស​នោះ ពិបាក​នឹង​រើ​ខ្លួន​រួច​ពី​សេចក្តី​ក្រីក្រ​ណាស់។
របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ផែនការ​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១១ កម្ពុជា បាន​ទទួល​ជំនួយ​បរទេស​រហូត​ដល់​ទៅ​ជិត ១២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ នេះ​មិន​គិត​ពី​ប្រាក់​កម្ចី​រាប់​ពាន់​លាន​ដុល្លារ​ផង​ទេ។ ធនាគារ​ពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ កាល​ពី​ឆ្នាំ​២០១២ បាន​បង្ហាញ​ថា កម្រិត​នៃ​ការ​ខ្ចី​បុល​ប្រាក់​ពី​បរទេស នឹង​កើន​ឡើង​ពី ៤​ពាន់​លាន ទៅ​ជិត ៦​ពាន់​លាន​ដុល្លារ នៅ​ក្នុង​អំឡុង​ពេល ៤​ឆ្នាំ​បន្ទាប់​នេះ ហើយ​បាន​ចោទ​សួរ​រដ្ឋាភិបាល​កម្ពុជា អំពី​លទ្ធភាព​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ ប្រសិន​បើ​បំណុល​ចេះ​តែ​កើន​ឡើង​នោះ។
ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា​ក្តី បញ្ហា​ចំពោះ​មុខ​ក្នុង​កាលៈទេសៈ​នេះ គឺ​ការ​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ ព្រោះ​ថា បើ​មេ​ដឹក​នាំ​ដែល​ជា​មេបា​មិន​ចុះ​សម្រុង ទាស់ទែង​ខ្វែង​គំនិត​គ្នា​មិន​ចេះ​ចប់ ពលរដ្ឋ​ដែល​ជា​កូន​ចៅ ក៏​គ្មាន​សេចក្តី​សុខ ហើយ​សង្គម​ជាតិ​ក៏​នឹង​មិន​អាច​រីក​ចម្រើន​បាន​ដែរ៕

No comments:

Post a Comment